សម្រាប់អ្នករៀនកាត់តវីដេអូដំបូងៗប្រហែលជាធ្លាប់បានស្វែងរក និងធ្វើការស្រាវជ្រាវច្រើននាពេលកន្លងមក ហើយក៏បានដឹងដែរថាតើកម្មវិធីមួយណាល្អដែរ។ មុននឹងចែករំលែកបន្តខ្ញុំសូមរំលឹកបន្តិច សូមមេត្តាកុំទាញយកកម្មវិធីមកពីវ៉ិបសាយណាដែលអ្នកមិនស្គាល់ប្រភព ឬកម្មវិធីលួចគេ ឬមិនស្របតាបច្បាប់ដោយហេតុថាវាមានគ្រោះថ្នាក់បំផុតសម្រាប់កុំព្យូទ័ររបស់អ្នក។
កាលណាអ្នកចេះតែទាញយកកម្មវិធីឥតគិតថ្លៃមកប្រើ នោះអាចជាប្រភពចម្បងមួយដែលអ្នកបានថតចម្លងមេរោគចូលមកក្នុងកុំព្យូទ័ររបស់អ្នកដូចគ្នា។ អាស្រ័យហេតុនេះ អ្នកមិនគួរនឹងប្រើប្រាស់កម្មវិធីណាដែលគ្មានប្រភពច្បាស់លាស់ (ឬក្រែក) នោះទេ។ វាអាចបង្ករជាហានិភ័យដល់ទិន្នន័យនៅលើកុំព្យូទ័ររបស់អ្នកបាន ហើយការប្រើប្រាស់ព័ត៌មានកាតឥណទានទៀតសោតក៏មិនមានសុវត្ថិភាពនៅលើបណ្តាញអ៊ីនធឺណិតដែរ។ មានករណីជាច្រើនមកហើយដែលអ្នកប្រើប្រាស់ធ្លាប់មានបទពិសោធន៍ទទួលរងការខូចខាត បើទោះជាចង់យំក៏យំមិនចេញដែរ។
ហេតុនេះខ្ញុំចង់លើកយកកម្មវិធីមួយដែលអ្នកប្រើប្រាស់ ឬអ្នករៀនកាត់តវីដេអូដំបូងៗអាចទាញយកទៅប្រើប្រាស់បាន ហើយចំណាយតិចប៉ុណ្ណោះ តែអ្នកអាចប្រើប្រាស់វាបានរហូត។
កម្មវិធីដែលខ្ញុំលើកយកមកចែកជូនដល់អ្នកទាំងអស់គ្នាឈ្មោះថា Movavi ជាកម្មវិធីដែលអ្នកអាចជាវមកប្រើប្រាស់បាន មានមុខងារពិសេសឲ្យអ្នកអាចកាត់វីដេអូរៀនឆាប់ចេះ ហើយធ្វើវីដេអូបានស្អាតថែមទៀតផង។ អ្វីដែលលើសពីនេះគឺមុខងារសរសេរអក្សរខ្មែរបានល្អដោយមិនបាត់ដៃបាត់ជើងដូចជាកម្មវិធី Filmora នោះទេ។
បន្ទាប់ពីទិញកម្មវិធីនេះរួច អ្នកអាចតម្លើងបានដោយងាយស្រួលនៅលើកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុរបស់អ្នក។ បន្ទាប់មកអ្នកត្រូវបញ្ចូលលេខស៊ើរៀលកូដដើម្បីដំណើរការពេញលេញ។ * តែក្នុងករណីអ្នកចង់សាក់ល្បងក៏បានដែរមុននឹងជាវ ដោយអ្នកគ្រាន់តែទាញយកកម្មវិធីនេះបានធម្មតាតាមតំណរភ្ជាប់ដែលខ្ញុំបានដាក់ជូននៅខាងលើ ឬខាងក្រោមនៃអត្ថបទនេះ។

ដូចបង្ហាញតាមរយៈរូបភាពថតអេក្រង់ខាងលើ បន្ទាប់ពីអ្នកចុចដំណើរការ វានឹងបង្ហាញចេញនូវផ្ទាំងឈ្មោះកម្មវិធីនៅជ្រុងខាងលើបង្អស់ខាងឆ្វេង បន្ទាប់មករូបសញ្ញា ឡូហ្គោ និងកំណែ Video Editor Plus 2021 ព្រមទាំងពាក្យស្លោក “Make videos. Create. Inspire.”
ប្រសិនបើអ្នកបានទិញវាមកប្រើប្រាស់ត្រឹមត្រូវតាមច្បាប់អ្នកក៏អាចទាញយកកំណែចុងក្រោយ ឬការធ្វើបច្ចុប្បន្នភាពនៅពេលណាមានកំណែថ្មីត្រូវបានកែប្ររួចរាល់។ នេះគឺជាអត្ថប្រយោជន៍មួយនៃការប្រើប្រាស់កម្មវិធីដែលមានអជ្ញាប័ណ្ណត្រឹមត្រូវ។

ប្រាប់អ្នកឲ្យដឹងពីកំណែចាស់ដូចក្នុងរូប (២១.៣.០) និងកំណែថ្មី ២១.៤.០ ដែលអ្នកអាចទាញយកបានដោយមិនចាំបាច់បង់ប្រាក់បន្ថែមឡើយ។
ហើយនេះគឺជាផ្ទាំងសំខាន់សម្រាប់ឲ្យអ្នកធ្វើការកាត់តវីដេអូរបស់អ្នក បន្ទាប់ពីអ្នកបើកកម្មវិធីនេះឡើង។

ដើម្បីឲ្យកាត់តែច្បាស់ខ្ញុំសូមរៀបរាប់នូវមុខងារសំខាន់ៗចាប់ពីម៉ឺនុយ និង Tool Bars មានដូចខាងក្រោមៈ
- Import – មានមុខងារសម្រាប់ទាញវីដេអូ រូបភាព និងសម្លេង ឬតន្ត្រីចូលមកប្រើប្រាស់សម្រាប់ការកាត់តរបស់អ្នក។ វាមានរូបសញ្ញាលេខ + (បូក) នៅខាងស្តាំផ្នែកខាងលើ នៅក្រោម File បន្តិច។ ក្រៅពីនោះ អ្នកក៏អាចទាញយក Background ឬ កញ្ចប់ Effects ផ្សេងៗបានផងដែរប្រសិនបើអ្នកបានជាវ ឬអ្នកអាចភ្ជាប់ទៅកាន់ការជាវបន្ថែម។

- Filters – គឺជាមុខងារពិសេសមួយសម្រាប់ដាក់ Effects បន្ថែមទៅលើវីដេអូរបស់អ្នកឲ្យវាភ្លឺ ងងឹត ឬមានលក្ខណៈប្លែកៗទៅតាមការចង់បាន ឬតម្រូវការនៃគម្រោងធ្វើវីដេអូរបស់អ្នកផ្ទាល់។

- Transitions – ជាមុខងារ effects សម្រាប់ឲ្យអ្នកដាក់នៅចន្លោះវីដេអូនីមួយៗនៅក្នុងគម្រោងកាត់តរបស់អ្នក ឬជាចលនាផ្សេងៗដែលអ្នកអាចចាប់ដាក់មានស្រាប់ៗនៅចន្លោះវីដេអូឃ្លីបនីមួយៗ។ នៅក្នុងនោះមានកញ្ចប់ transitions ធំៗចំនួន ១៣ ឬលើសពីនេះដែលមានរាប់រយ transitions សម្រាប់ឲ្យអ្នកធ្វើការជ្រើសរើសប្រើប្រាស់បាន។

- Titles – ជាចំណងជើងធំ និងចំណងជើងតូចដែលអ្នកអាចទាញយក ឬចាប់ដាក់ទៅក្នុងគម្រោងកាត់តរបស់អ្នកបាន។ វាមិនសូវជាសម្បូរណ៍បែបនោះទេ ប៉ុន្តែកម្មវិធីនេះក៏អនុញ្ញាតិឲ្យអ្នកអាចជាវបន្ថែមបានដែរនៅក្នុងហាងរបស់វា។

- Stickers – គឺជាមុខងារដែលអ្នកអាចទាញយករូបភាពសម្រាប់បិទភ្ជាប់ផ្សេងៗមកប្រើប្រាស់នៅក្នុងគម្រោងរបស់អ្នកបាន។ ទាំងនោះមានដូចជារូបភាពបង្ហាញពីទឹកមុខ ញញឹម សើច កំប្លែង រូបបេះដូង ឧទានសញ្ញា ចង្អុលបង្ហាញ ធីក រង្វង់ ចតុកោណកែង ឬការេចាដើម។

- More Tools – អ្វីដែលមិនមាននៅក្នុងមុខងារដែលបានរៀបរាប់ដូចខាងលើ មានដាក់បន្ថែមនៅក្នុងប្រអប់ More Tools នេះដែលអនុញ្ញាតិឲ្យអ្នកយកមកប្រើប្រាស់បានតាមតម្រូវការ ឬជាវបន្ថែមប្រសិនជាមិនមាន។

មុខងារសំខាន់ៗសម្រាប់អ្នកកាត់តវីដេអូដែលអ្នកគួរយល់ដឹងមាននៅក្នុងកម្មវិធី Movavi
- Split – សម្រាប់បំបែកវីដេអូចេញពីគ្នាជាឃ្លីបខ្លីៗ
- Cut – សម្រាប់កាត់វីដេអូចេញពីគ្នា អាចនៅចន្លោះកណ្តាល ឬកាត់ខាងពីខាងឆ្វេងទាំងអស់ ឬខាងស្តាំទាំងអស់
- Crop – សម្រាប់តម្រឹបយកសាច់ឃ្លីបវីដេអូត្រង់កន្លែងណាដែលអ្នកចង់បាន
- Color Adjustments – សម្រាប់កែពណ៌វីដេអូទៅតាមការចង់បានរបស់អ្នក
- Clip Properties – ជាព័ត៌មានរបស់ឃ្លីបវីដេអូ
- Record video – ជាមុខងារដែលអនុញ្ញាតិឲ្យអ្នកថតវីដេអូតាមរយៈការចាប់យកពីអេក្រង់ ឬតាមវ៉ិបខែមដែលភ្ជាប់ជាមួយកុំព្យូទ័ររបស់អ្នក
- Record Audio – ជាមុខងារដែលអនុញ្ញាតិឲ្យអ្នកថតសម្លេង ឬមាតិកាដែលអ្នកចង់ដាក់ចូលទៅក្នុងវីដេអូរបស់អ្នក
- Copy – ជាមុខងារសម្រាប់ធ្វើការថតចម្លងអក្សរ រូបភាព ឬវីដេអូឃ្លីបនៅក្នុងកម្មវិធី
- Paste – ជាមុខងារបិទភ្ជាប់តាមរយៈការប្រើប្រាស់មុខងារថតចម្លងនៅក្នុងកម្មវិធីកាត់តវីដេអូ
- Undo – ជាមុខងារសម្រាប់ថយក្រោយ ឬយកតាមលំនាំចាស់វិញដែលថ្មីៗជាងគេតាមលំដាប់។ ជាទូទៅវាមានចំនួនកំណត់ដែលអ្នកអាច Undo បាន។
- Redo – មុខងារសម្រាប់ធ្វើបញ្ច្រាសពី Undo ខាងលើដោយយកតាមការកំណត់ ឬការចង់បានដែលអ្នកបានធ្វើរួចហើយ។
- Track – គឺជាផ្ទាំង ឬស្រទាប់ដែលអ្នកអាចដាក់វីដេអូ ឬសម្លេងសម្រាប់ការកាត់តរបស់អ្នក។ អ្នកក៏អាចប្រើប្រាស់វាដើម្បីបង្ហាញ ឬក៏លាក់វាក៏បានដែរ។ ពេលបង្ហាញអ្នកអាចមើលវាឃើញ តែពេលលាក់អ្នកមិនអាចមើលឃ្លីបវីដេអូឃើញ ឬស្តាប់ឮបានទេ។
- Video track – ជាស្រទាប់សម្រាប់ឲ្យអ្នកដាក់វីដេអូបាន
- Audio track – ជាស្រទាប់ដែលអនុញ្ញាតិឲ្យអ្នកដាក់សម្លេងចូលបាន
- Title track – ជាស្រទាប់សម្រាប់ឲ្យអ្នកដាក់ចំណងជើង ឬអក្សរចូលបាន
នៅក្នុងកម្មវិធី Movavi នេះវាអនុញ្ញាតិឲ្យអ្នកធ្វើការជាមួយវីដេអូមានកម្រិតរហូតដល់ 4K បាន ហើយអ្នកអាច Export ចេញជាប្រភេទវីដេអូ ឬសម្លេងដាច់ពីគ្នាក៏មានតាមតម្រូវការ ឬការចង់បានរបស់អ្នក។
ក្រៅពីនោះអ្នកក៏អាចប្រកាស (Export) វីដេអូបានផ្ទាល់ទៅកាន់ YouTube, Google Drive ឬ Vimeo បានដែរនៅលើកម្មវិធីនេះតែម្តង។
អ្នកអាចទាញយកកម្មវិធី Movavi នេះបានតាមរយៈតំណរភ្ជាប់ដូចខាងក្រោម៖