នៅក្នុងប្រទេសកម្ពុជាយើងសម្បូរណ៍ដីកសិកម្ម ឬតំបន់ដែលអាចផលិតនូវផលិតផលកសិកម្មសម្បូរណ៍បែបពេញមួយឆ្នាំ។ យើងមានប្រភេទដំណាំកសិកម្មសម្រាប់រដូវវស្សា និងដំណាំកសិកម្មសម្រាប់រដូវក្តៅ។ បើនិយាយអំពីកសិកម្ម យើងត្រូវបែងចែកវាជាពីរប្រភេទគឺ (១) ផលិតផលកសិកម្ម និង (២)សេវាកម្មកសិកម្ម។

១- តើផលិតផលកសិកម្មមានអ្វីខ្លះ?
បើនិយាយឲ្យងាយស្តាប់គឺជាអ្វីៗទាំងអស់ ឬជាសមិទ្ធផលដែលទទួលបានពីចម្ការ កសិដ្ឋាន ឬកើតចេញពីរបរកសិកម្មដែលកសិករធ្វើរាល់ថ្ងៃ។ រៀបរាប់ត្រួសៗ ទាំងអស់នោះមានដូចជា៖ បន្លែ ត្រី សាច់ និងកសិផលចាដើម។ល។
២- តើអ្វីទៅជាសេវាកម្មកសិកម្ម?
ទាំងអស់នោះរួមមានដូចជាការជួល ឬផ្តល់កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មសម្រាប់តម្លើង សាងសង់ ភ្ជួរដី រាល់ដី ជួលដី ឬធ្វើឲ្យលេញចេញជារូបរាងអ្វីមួយ។ល។
ក្នុងចំណោមទាំងពីរខាងលើនេះ តើអ្នកមានអ្វីខ្លះដែលអាចផ្តល់ឲ្យទៅដល់អតិថិជន ឬផ្គត់ផ្គង់ទីផ្សាររបស់អ្នកបាន? សូមទាញយកប៊ិច ឬសៀវភៅមកកត់ត្រារៀបរាប់ឲ្យបានគ្រប់មុខ។ បន្ទាប់មកសាកសួរសំណួរឲ្យបាន ៥ ដំណាក់កាល ឬ ៥ដងយ៉ាងតិចដើម្បីសិក្សាតាមបែបស៊ីជម្រៅទៅលើផលិតផលរបស់អ្នក។ ខ្ញុំជឿថាភាគច្រើនអ្នកមានផលិតផលនៅក្នុងដៃស្រាប់តាមរយៈកិច្ចការដែលអ្នកធ្វើពាក់ព័ន្ធនឹងកសិកម្ម ឬសកម្មភាពនៅក្នុងកសិដ្ឋានរបស់អ្នក។
តាមរយៈបទពិសោធន៍នៃការធ្វើសកម្មភាពបង្ករបង្កើនផល ឬការចិញ្ចឹមសត្វនៅក្នុងកសិដ្ឋានរបស់អ្នក ខ្ញុំជឿថាអ្នកអាចកំណត់យកផលិតផលគោលដៅមួយចំនួនសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ដោយជ្រើសរើសយកតែផលិតផលណាដែលមានសក្តានុពល និងលក់ដាច់ច្រើនជាងគេ ហើយបន្តពង្រីកសង្វាក់ផលិតកម្មកសិកម្មបែបនោះបន្ថែមទៀត។ សូមបញ្ជាក់ថា គ្រប់គ្នាអាចមានបទពិសោធន៍ផ្សេងៗគ្នានៅត្រង់ចំណុចនេះ។

ការកំណត់គោលដៅអតិថិជន
- អ្នកអាចចាប់ផ្តើមជាមួយនឹងសំណួរមួយចំនួនដូចជា ៖
- តើនរណាខ្លះជាអ្នកទិញផលិតផលពីអ្នក?
- តើពួកគាត់មានអាយុចន្លោះបន្មាន?
- ហេតុអ្វីបានជាគាត់ចង់ទិញផលិតផលរបស់អ្នក?
- តើពួកគាត់រស់នៅតំបន់ណាខ្លះនៅក្នុងប្រទេសកម្ពុជា?
- ឬបើពួកគាត់នៅក្រៅប្រទេស តើអ្នកគួរធ្វើដូចម្តេចដើម្បីឲ្យផលិតផលនោះទៅដល់ដៃរបស់ពួកគាត់?
- តើត្រូវធ្វើដូចម្តេចដើម្បីទទួលយកការទូទាត់ពីចម្ងាយ?
- តើមាននរណាខ្លះពាក់ព័ន្ធនៅក្នុងដំណើរការផលិត និងផ្គត់ផ្គង់?
- តើត្រូវផលិតចំនួនប៉ុន្មានដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ ឬអតិថិជនគោលដៅ?
- ហេតុអ្វីបានជាជ្រើសរើសយកផលិតផលទាំងនេះ?
- តើផលិតផលនេះល្អនៅក្នុងរដូវកាលមួយណា? រដូវភ្លៀង ឬរដូវក្តៅ?។ល។
ការសួរសំណួរឲ្យបានច្រើនបែបនេះ គឺជាវិធីសាស្ត្រនៃដើម្បីរកឲ្យឃើញនូវភាពខ្លាំងអំពីកសិផល ផលិតផល ឬសេវាកម្មកសិកម្មរបស់អ្នក។ នេះគឺជារបៀបនៃការសិក្សា ឬការគិតតាមរបៀបស៊ីជម្រៅសាមញ្ញៗ។

របៀបធ្វើទីផ្សារនៅលើបណ្តាញ
ក្រៅពីការផលិតអ្នកត្រូវសិក្សាស្វែងយល់តិចតួចបន្ថែមទៀតពីរបៀបធ្វើទីផ្សារពីផលិតផលរបស់អ្នកឲ្យឮដល់ ឬទៅដល់អតិថិជន។ ប្រសិនបើអតិថិជនមិនបានដឹង ឬឮពីវាទេ សក្តានុពលនៃការលក់ចេញក៏មិនសូវមាន ឬមិនសូវជាដាច់ដែរ។ តាមរយៈថ្នាលបច្ចេកវិទ្យា បច្ចុប្បន្នអ្នកអាចបង្កើតប៉ុស្តិ៍នៅលើយូធូបដើម្បីកសាងម៉ាកសញ្ញារបស់អ្នក (ដាក់ឈ្មោះកសិដ្ឋាន ឬមុខរបររបស់អ្នក) ដើម្បីឲ្យអតិថិជនងាយស្រួលចងចាំ។ ភាគច្រើនបំផុតខ្ញុំឃើញមានការដាក់ឈ្មោះខ្លួនឯងធ្វើជាម៉ាកសញ្ញានៅក្នុងប្រទេសកម្ពុជាយើង អ្នកអាចប្រើប្រាស់តាមរបៀបនេះបាន។ ប៉ុន្តែបើអ្នកចង់កសាងម៉ាកសញ្ញាឲ្យកាន់តែខ្លាំងអាចជ្រើសរើសឈ្មោះខ្លី ងាយស្រួលហៅ (ពីរ ឬបីម៉ាត់) ឲ្យត្រូវនឹងប្រភេទអាជីវកម្មកសិកម្មរបស់អ្នក។
បន្ទាប់មកបង្កើតជាប៉ុស្តិ៍នៅលើបណ្តាញយូធូប។ ខ្ញុំនឹងមិននិយាយលម្អិតអំពីការបង្កើតប៉ុស្តិ៍យូធូបទេនៅក្នុងមាតិកានេះ ប៉ុន្តែខ្ញុំនឹងបង្ហាញនូវប៉ុស្តិ៍ (ឆាណែល) មួយចំនួនដែលធ្វើបានយ៉ាងល្អនៅក្នុងវិស័យមួយនេះ។
បើអ្នកមានទូរស័ព្ទទំនើប ឬទូរស័ព្ទដៃរួចហើយ (មិនត្រូវចំណាយទិញឧបករណ៍បន្ថែមទេប្រសិនបើអ្នកមានរួចហើយ) ដើម្បីជៀសវាងការចំណាយបន្ថែម សូមប្រើប្រាស់វាឲ្យអស់ពីលទ្ធភាព។
តើត្រូវធ្វើដូចម្តេចដើម្បីបង្កើតមាតិកា ឬខ្លឹមសារសម្រាប់ជាជំនួយដល់ការធ្វើទីផ្សារ?
នេះគឺពិតជាសំណួរល្អខ្លាំងណាស់ ខ្ញុំឃើញកសិករ ឬម្ចាស់កសិដ្ឋាន ក៏ដូចជាអ្នកប្រកបរបរកសិកម្មជាច្រើនមិនទាន់បានចាប់យកឱកាសនៃការផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផលរបស់ខ្លួននោះទេ។ ដោយគ្រាន់តែធ្វើការងារកសិកម្ម តែមិនព្រមជម្រុញការផ្សព្វផ្សាយធ្វើឲ្យអ្នកខាតបង់ដោយអតិថិជនមិនអាចស្គាល់ពីផលិតផលល្អៗរបស់អ្នកបានទេ។
ដូច្នេះក្រោយពីអានអត្ថបទនេះរួចសូមចាប់ផ្តើមបង្កើតប៉ុស្តិ៍ (ឆាណែល) សម្រាប់ដាក់លក់ផលិតផល ឬសេវាកម្មកសិកម្មរបស់អ្នក។ អតិថិជនអាចស្វែងរកអ្នកឃើញ ហើយពួកគាត់អាចធ្វើដំណើរឆ្លងកាត់ ឬមករកអ្នកដល់ទីតាំងតែម្តងដោយអ្នកមិនចាំបាច់ចំណាយបន្ថែមទៅលើការដឹកជញ្ជូនផលិផលកសិកម្មរបស់អ្នកទៅកាន់ទីផ្សារឡើយ។
សូមកុំឈិនឆៃដោយគ្រាន់តែបង្កើតមាតិកា ឬខ្លឹមសារវីដេអូឲ្យតែបានៗ ព្រោះអ្នកមើលគាត់ចង់ឃើញ និងស្គាល់ឲ្យបានច្បាស់ពីប្រភេទផលិតផល អត្ថប្រយោជន៍ ហើយតើផលិតផលនោះជួយដោះស្រាយបញ្ហារបស់គាត់បានដូចម្តេចខ្លះ។ ដោយគ្រាន់តែរៀបរាប់ពីចំណុចសំខាន់ៗមួយចំនួន ព្រមទាំងដំណោះស្រាយសម្រាប់ជីវិត និងជីភាព ឬផ្នែកណាមួយនឹងធ្វើឲ្យអតិថិជនពិតជាទទួលបានការពេញចិត្តខ្លាំងជាក់ជាមិនខាន។
តាមសន្យាខាងលើ ខ្ញុំសូមលើកយកប៉ុស្តិ៍ (ឆាណែល) កសិកម្មចំនួន ៥ មកចែករំលែកដល់អ្នកទាំងអស់គ្នា ៖
១- Dexter’s World

២- Cambodian Homestead

៣- សុវណ្ណវត្តី ត្បូងឃ្មុំ

នៅក្នុងឆាណែលរបស់គាត់ភាគច្រើនចែករំលែកអំពីសកម្មភាពខ្លីៗនៃការចិញ្ចឹមមាន់ ការថែទាំ និងរបៀបឲ្យចំណីផ្សេងៗ ទាក់ទាញអ្នកចូលមើលជាង ៣,៤ លាននាក់គិតត្រឹមពេលខ្ញុំសរសេរអត្ថបទនេះ។
៤- SAFAT Farm កសិដ្ឋាន សាហ្វាត

វីដេអូភាគច្រើននៅក្នុងឆាណែលនេះភាគច្រើនបង្ហាញពីបច្ចេកទេសចិញ្ចឹមត្រី។ វីដេអូនៅក្នុងបុស្តិ៍នេះទទួលបានការចាប់អារម្មណ៍ច្រើន។ ការផលិតវីដេអូអប់រំចែកចាយបែបនេះមិនគ្រាន់តែជួយដល់កសិករផ្សេងទៀត គឺថែមទាំងចំណេញក្នុងការផ្សាយពីផលិតផលទៅកាន់ទីផ្សារគោលដៅបានថែមទៀតផងនៅទូទាំងប្រទេស។
៥- Arunreas’s World

ទាំងនេះគ្រាន់តែជាប៉ុស្តិ៍ (ឆាណែល) ខ្លះៗដើម្បីជម្រុញទឹកចិត្តឲ្យបងប្អូនចាប់ផ្តើមបង្កើតវីដេអូចេញពីផលិតផលកសិកម្ម ឬសេវាកម្មកសិកម្មរបស់បងប្អូន។ បន្ទាប់ពីការផលិតវីដេអូពីសកម្មភាពនៅលើកសិដ្ឋានរបស់អ្នករាល់ថ្ងៃក្នុងរយៈពេល ៣០ ទៅ ៩០ថ្ងៃ វានឹងជួយពង្រីកទីផ្សាររបស់អ្នកទៅទូទាំងប្រទេសដោយមិនចាំបាច់ធ្វើការប្រកាសចូលក្នុងហ្វេសប៊ុកជាប្រចាំនោះឡើយ។ មូលហេតុគឺដោយសារ យូធូប គឺជារបស់ក្រុមហ៊ុន ហ្គូហ្គល ហេតុនេះវីដេអូដែលមានមាតិកា ឬខ្លឹមសារល្អៗទាំងឡាយនឹងត្រូវទាញយកទៅបង្ហាញនៅទំព័រមុខរបស់ហ្គូហ្គលតាមរយៈពាក្យគន្លឹះដែលមានអ្នកស្វែងរកនៅក្នុងប្រអប់ស្វែងរក។
ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជួយជាគំនិតដល់បងប្អូនរស់នៅស្រុកស្រែចម្ការ និងប្រកបការងារកសិកម្មទទួលបានអត្ថប្រយោជន៍បន្ថែមដើម្បីពង្រីកទីផ្សាររបស់អ្នកតាមរយៈការធ្វើវីដេអូខ្លីៗពីផលិតផលកសិកម្មរបស់បងប្អូន។ សូមបន្តចែករំលែកអត្ថបទនេះទៅកាន់មិត្តភក្តិ ឬបងប្អូនដទៃទៀតនៅលើបណ្តាញសង្គម! អរគុណដែលបានអានរហូតដល់ចប់!